ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាលកម្ពុជាជួយសង្គ្រោះជនជាតិ​បង់ក្លាដែស​ជាង​៥០នាក់​ក្នុង​ករណី​ឆបោក​នៅ​ភ្នំពេញ


រូបភាពចេញផ្សាយដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បង្ហាញ​ជនជាតិ​បង់ក្លាដែស​ដែលត្រូវបាន​ជួយ​សង្គ្រោះ​ពី​ករណី​ឆបោក​ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ (រូបថតដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍)
រូបភាពចេញផ្សាយដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បង្ហាញ​ជនជាតិ​បង់ក្លាដែស​ដែលត្រូវបាន​ជួយ​សង្គ្រោះ​ពី​ករណី​ឆបោក​ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ (រូបថតដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍)

នគរ​បាល​កម្ពុជា​បាន​ជួយ​សង្រ្គោះជន​ជាតិ​បង់ក្លាដែស​ជាង ​៥០​នាក់ ​ពី​អគារ​ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ និង​ឃាត់​ខ្លួន​ជន​ដៃ​ដល់​ ២​នាក់ ហើយ​បញ្ជូន​ទៅ​តុលាការ។ នេះ​បើ​យោង​តាម​មន្រ្តី​ជាន់​ខ្ពស់​នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ ដែល​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យអគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​វីអូអេ​ថា ​ការ​ចុះ​ជួយ​សង្រ្គោះ និង​ឃាត់​ខ្លួន​ជន​បរទេស ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន ក្រោយ​សមត្ថកិច្ច​កម្ពុ​ជា​ទទួល​បាន​ពាក្យ​បណ្តឹង​តាម​ប្រព័ន្ធ​ Hotline ​ពី​ជនជាតិ​បង់ក្លាដែស។ លោក​បន្ថែម​ថា​ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ជាតិ​បង់ក្លាដែស​ ២​នាក់ ហើយ​បញ្ជូន​ទៅ​តុលាការ ដែល​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន។

លោក​បន្ត​ថា​ សមត្ថកិច្ច​បាន​ជួយ​សង្រ្គោះ​ជន​ជាតិ​បង់ក្លាដែសចំនួន​ ៥២​នាក់ ឥណ្ឌា​៤​នាក់ និង​ស្រី​លង្កា​ ១​នាក់ ហើយ​បាន​បញ្ជូន​ពួកគេ​ទៅ​ខាង​ក្រសួង​សង្គមកិច្ច។

បើ​តាម​ លោក ឆាយ គឹមខឿន សមត្ថកិច្ច​កម្ពុជា​កំពុង​ស្វែង​រក​អ្នក​ពាក់ព័ន្ធនិង​មេ​ខ្លោង​ចំនួន ​៤​នាក់​ទៀត ​ដែល​កំពុង​រត់​គេច​ខ្លួន។

លោក ឆាយ គឹមខឿន បញ្ជាក់​ថា៖ «ករណី​នេះ សមត្ថកិច្ច​សន្និដ្ឋាន គឺ​ជា​ករណី​ឆបោក ការ​រើស​ពលករ​មក​ធ្វើ​ការ​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​មាន​ការ​គំរាម​កំហែង ដើម្បី​កម្រិត​លក្ខខណ្ឌ​អ្វី​មួយ»។

លោក​បន្ថែម​ថា​ សមត្ថកិច្ច​កំពុង​បន្ត​សួរ​ចម្លើយ​ជន​បរទេស​ទាំង​នោះ ដោយ​សារ​ពួកគេ​អាច​ប្រឈម​នឹង​ការ​គំរាម​កំហែង​ផ្សេងៗគ្នា។ លោក​បញ្ជាក់​ថា ​ជន​រង​គ្រោះ​ខ្លះត្រូវ​បាន​គេ​គំរាម​យក​ប្រាក់ អ្នក​ដែល​ចេះ​ប្រើ​កុំព្យូទ័រ ភាសា​អង់​គ្លេស​ត្រូវ​បាន​គេ​ទុក​ឱ្យ​ធ្វើ​ការ​នៅ​កម្ពុជា។ ចំណែក​អ្នក​ដែល​មិន​ចេះ​ភាសា​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ជាដើម។

លោក​ថ្លែង​ថា៖ «ប៉ុន្ដែ​ជា​បឋម​យើង​មានព័ត៌មាន​មួយ​ចំនួន ដោយ​គាត់​(ត្រូវគេ)​គំរាម​ដាក់​លក្ខខណ្ឌ ដើម្បី​យក​ប្រាក់​ចឹង ដូច​គាត់​បោក​ប្រាស់​យក​គេ(ជន​រងគ្រោះ) ​មក​ឱ្យ​ធ្វើ​ការ អ្នក​ណា​ចេះ​កុំព្យូរទ័រ ចេះ​ភាសា​អង់គ្លេស​អីចឹង​ទុក​ឱ្យ​ធ្វើ​ការ​ស្រុក​ខ្មែរ អ្នក​ដែល​អត់​ចេះ​រុញ​ទៅ​ថៃ ទៅ​ម៉ាឡេ[ស៊ី] ដោយ​កំណត់​លក្ខខណ្ឌ​ឱ្យ​បង់​ប្រាក់​ឱ្យ​ពួកគេ​ហ្នឹង ចំនួន​ ៩០០​ដុល្លារ។ ឧទាហរណ៍​អញ្ចឹង។ មាន​ចម្លើយ​មួយ​ចំនួន​អញ្ចឹង»។

កាល​ពី​សប្តាហ៍​មុន អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ផ្សព្វផ្សាយ​ថា​ អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ជន​បរទេស​ជាង​៥០នាក់ នៅ​ទីតាំង​២​កន្លែង​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ។ លោក​ស្នើ​អ្នក​សារព័ត៌មាន​វីអូអេ​ទាក់​ទង​ទៅ​អ្នកនាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក​ កែវ វណ្ណថន វិញ។

លោក កែវ វណ្ណថន ប្រាប់​វីអូអេ​ឱ្យ​ទាក់​ទង​ទៅ​អ្នក​នាំពាក្យ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន វិញ។

លោក តូច ចាន់នី អ្នកនាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា ប្រាប់​វីអូអេ​ថា ជន​បរទេស​ដែល​ជា​ជន​រង​គ្រោះ​ទាំង​នោះ ក្រសួង​បាន​បញ្ជូន​ពួកគេ​ទៅ​អង្គការ​មនុស្ស​ធម៌​មួយ​ឈ្មោះ​ការីតាស ​(Caritas) ដើម្បី​ទទួល​សេវា​ក្នុង​នាម​ជា​ជន​រង​គ្រោះ។ លោក​បដិសេធ​មិន​អត្ថា​ធិប្បាយ​អ្វី​បន្ថែម​ទៀត​នោះ​ទេ ដោយ​សារ​ការងារ​នេះ​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

លោក​ថ្លែង​ថា៖ «ជន​រង​គ្រោះ យើង​បាន​សម្រប​សម្រួល​ទៅ​ដល់​អង្គការ​ការីតាស ដើម្បី​ផ្តល់​សេវា​ជូន​គាត់​ហើយ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អង្គការ​ការីតាស​បាន​នៅ​ឡើយ​ទេ។ វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​បង់ក្លាដែស​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​បាន​ដែរ។

លោក សំ វិច្ឆិកា អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​ថា​សមត្ថកិច្ច​រាជធានី​ភ្នំពេញ គ្រាន់​តែ​ជា​អ្នក​ចូលរួម​សហការ​ក្នុង​ការ​បង្រ្កាប និង​ជួយ​សង្រ្គោះ ដូច្នេះ​លោក​មិន​អាច​ផ្តល់​ព័ត៌មានអ្វី​បាន​នោះ​ទេ ពាក់ព័ន្ធ​នឹង​ករណី​នេះ។

លោក​ថ្លែង​ថា៖ «ករណី​ហ្នឹង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​គ្រាន់​ជា​អ្នក​ចូលរួម​សហការ មិន​មែន​ជា​អ្នក​ប្រធាន​ករណី​ក្នុង​ការ​អនុវត្ត​នីតិវិធី»។

ក្រោយ​មាន​ការ​ចុះ​បង្រ្កាប និង​ជួយ​សង្រ្គោះ​ជន​បរទេស​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខាង​អន្តោប្រវេសន៍​បាន​ប្រជុំ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ស្វែង​យល់​ពី​តួនាទី ភារកិច្ច​ទទួល​ខុសត្រូវ​លើ​ការ​គ្រប់គ្រងវត្ត​មាន​ជន​បរទេស និង​ការ​ចុះ​ធ្វើ​អធិការ​កិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រាប់​វីអូអេ​ថា​ ករណី​ឆបោក​នៅ​តែ​បន្ត​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​រិះ​រក​វិធីសាស្ត្រ​បន្ថែម​ក្នុង​ការ​តាម​ដាន​ក្រុម​ឧក្រិដ្ឋជន និង​ត្រូវ​មាន​វិធាន​ការ​ទាន់​ពេល​វេលា ដើម្បី​ជួយ​អ្នក​រង​គ្រោះ​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «ឆ្លង​ការ​បង្ក្រាប​កន្លង​មក យើង​ឃើញ​ថា​វា​ហាក់មិនទាន់​ធ្វើ​ឡើង​ចំគោល​ដៅ​ទេ។ អ៊ីចឹង​ហើយ​បាន​បញ្ហា​ហ្នឹងនៅ​តែ​បន្ត​កើត​មាន​ឡើង ​[និង]​ហាក់​ដូចជា​នៅ​មាន​កម្រិត​នៃ​ការ​បិទ​បាំងហ្នឹង​នៅ​តែ​មាន​ខ្ពស់​ទៅ​ទៀត ​សមត្ថភាព​ខ្ពស់​ទៅ​ទៀត។ អ៊ីចឹង​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ដែល​គាត់​រង​គ្រោះ ពិបាក​ធ្វើ​សេចក្តី​រាយ​ការណ៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​ពិបាក​រកកិច្ច​អន្តរាគមន៍​ពី​អ្នក​ណា​ដែល​អាច​ជួយ​គាត់បាន អ៊ីចឹង​វា​កាន់​តែ​គ្រោះ​ថ្នាក់​ថែម​ទៀត»។

លោក​បន្ថែម​ថា​ អាជ្ញាធរ​ក៏​ត្រូវ​តែ​បង្ហាញ​ឱ្យ​បាន​ច្បាស់​លាស់​ជុំវិញ​ករណី​នេះ ​ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​មាន​មន្ទិល​សង្ស័យ។

លោក​បន្ត​ថា៖ ​«បើ​សិន​ជា​នៅ​តែ​មាន​ភាព​លាក់​លៀម វា​អាច​មាន​មន្ទិល​សង្ស័​យ​ថាបញ្ហា​ហ្នឹង វា​អាច​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អ្នកណា ឬក៏​បញ្ហា​ហ្នឹង​មិន​អាច​បង្ហាញ​ឱ្យ​មាន​តម្លាភាព​ ឱ្យ​បាន​ដឹង​ជា​ទូទៅ​បាន គឺ​ថា​នៅ​មាន​ការ​លាក់​បាំង​ដែល​ធ្វើ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត»។

គួរ​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ ខ្លាំង​ក្លា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ឧក្រិដ្ឋ​ជន​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG