ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​៤០នាក់​រងរបួស​ដោយសារ​រថភ្លើង​បុក​រថយន្ត​ក្រុង​នៅ​ខេត្ត​ពោធិ៍សាត់


គ្រោះថ្នាក់នៃការបុកគ្នារវាងរថភ្លើងនិងរថយន្តក្រុង ក្នុងភូមិសាស្រ្តឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។ (រូបថតផ្តល់ដោយលោក ពេជ្រ ពិសិដ្ឋ)
គ្រោះថ្នាក់នៃការបុកគ្នារវាងរថភ្លើងនិងរថយន្តក្រុង ក្នុងភូមិសាស្រ្តឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។ (រូបថតផ្តល់ដោយលោក ពេជ្រ ពិសិដ្ឋ)

អ្នក​ធ្វើ​ដំណើរ​ជាង​ ៤០ ​នាក់​ ដែល​ភាគ​ច្រើន​ជា​អ្នក​ជិះ​រថយន្ត​ក្រុង ​បាន​រង​របួស​ធ្ងន់​និង​ស្រាល នៅ​ក្នុង​ហេតុ​ការណ៍​រថភ្លើង​បុក​រថយន្ត​ក្រុងដើរ​លេង​កម្សាន្ត​ពេញ​មួយ​ទំហឹង កាល​ពី​ម៉ោង​ប្រមាណ​ ១១:១៦​នាទី ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្នុងភូមិ​បំណក់ ឃុំឈើតុំ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។ នេះ​បើ​តាម​នគរបាល​ទទួល​បន្ទុក​នៅ​តំបន់​នោះ។

លោក ញឹម វុត្ថា មេប៉ុស្តិ៍​ឈើ​តុំ ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ​រថភ្លើង​ដឹក​អ្នក​ដំណើរ​បាន​បើក​បរពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​បាត់​ដំបង។ ចំណែក​រថយន្ត​ក្រុង​ ៤៥​កៅអី បានដឹក​អ្នក​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​និង​សាច់​ញាតិ ដើម្បី​ទៅលេង​តំបន់​ទឹក​ធ្លាក់​ច្រក​ល្អៀង ​ក្នុង​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។ លោក​បន្ថែម​ថា​ នៅ​តំបន់​ឆ្លង​កាត់​ផ្លូវ​ដែក​នោះមាន​សញ្ញា​បង្ហាញ ប៉ុន្តែ​មិន​មាន​រនាំង​ដាក់​បិទ​ផ្លូវ​ឡើយ។

បើ​តាម​មេប៉ុស្តិ៍​នគរបាល រថភ្លើង​បាន​បន្លឺ​សំឡេង​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើត​ហេតុ ប៉ុន្តែ​ប្រហែល​អ្នក​បើក​បរ​មិន​បាន​ឮ​សំឡេង​រថភ្លើង ទើប​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​បែប​នេះ។

លោក​ថ្លែង​ថា៖ «សង្ស័យ​ឡាន អត់​បាន​បើក​កញ្ចក់ ឬ​អត់​ស្តាប់​ស៊ីផ្លេ​រទេះ​ភ្លើង។ ឃើញ​រថភ្លើង​ស៊ីផ្លេ​រហូត ស៊ី​ផ្លេ​ចម្ងាយ​រាប់​រយ​ម៉ែត្រ​នុះ។ ហើយ​ឮ​ខ្លាំងណាស់។ ឡាន​បើក​អត់​ដឹង បើក​កើមៗ ចូល​ទៅ​ដល់​ពាក់​កណ្តាល​បុក​ទៅ​បណ្តោយ»។

លោក​មេប៉ុស្តិ៍​បញ្ជាក់​ថា ​មនុស្ស​ ៥​នាក់ ​រង​របួស​ធ្ងន់ ដោយ​អ្នក​ខ្លះ​បាក់​ជើង។

បើ​តាម​មន្រ្តី​នគរបាល រថយន្ត​ក្រុង​នោះ​ដឹក​អ្នក​ដំណើរ​ដែល​ជា​ក្រុម​គ្រួសារ​សាច់​ញាតិ​មក​ចូលរួម​ពិធី​ភ្ជាប់​ពាក្យ​មួយ​ នៅ​ក្នុង​ស្រុក​ក្រគរ ហើយ​ក៏​ឆ្លៀត​ធ្វើ​ដំណើរ​ទៅ​លេង​ទឹក​ធ្លាក់​ច្រក​ល្អៀង។

នគរ​បាល​អះអាង​ថា ​អាជ្ញាធរ​ភូមិ​ឃុំ​នឹង​ដាក់​សំណើ​សុំ​ដាក់​រនាំងនៅ​តំបន់​ឆ្លង​កាត់​ផ្លូវ​ដែក​នោះ។

វីដេអូ​នៃ​គ្រោះ​ថ្នាក់​នេះ​ក៏​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិ​ភាព​ចេញ​ពី​កន្លែង​លក់​សាំង​មួយ​ផង​ដែរ។

លោក លី លីម អាយុ​៤០​ឆ្នាំ ជា​អ្នក​លក់​គ្រឿង​សំណង់​នៅ​មិន​ឆ្ងាយ​ពី​កន្លង​កើត​ហេតុ អះអាង​ថា​ប្រជាពលរដ្ឋ​បាន​ស្នើ​ឲ្យ​មាន​រនាំង ដើម្បី​ដាក់​នៅ​ពេល​រថភ្លើង​ឆ្លង​កាត់​យូរ​មក​ហើយ ប៉ុន្តែ​មិន​មាន​ការ​រៀបចំ​ឡើយ។ លោក​បន្ថែម​ថា ​តំបន់​នោះ​ជា​កន្លែង​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG