ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​ជំនាញ​ជំរុញ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្រោយ​សារធាតុ​គីមី​ហូរ​ចូល​ប្រឡាយ​ក្បែរ​ទន្លេ​មេគង្គ​នៅ​ឡាវ


ក្រុម​បេសកកម្ម​រួមគ្នា​របស់​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​និង​ដៃគូ​ ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ទឹក​នៅ​ថ្ងៃទី៧ មេសា ឆ្នាំ២០២៤ នៅ​តាម​ប្រឡាយ ស្ទឹង​ណាំខាន់ និងទន្លេមេគង្គ។ (Facebook/Mekong River Commission)
ក្រុម​បេសកកម្ម​រួមគ្នា​របស់​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​និង​ដៃគូ​ ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ទឹក​នៅ​ថ្ងៃទី៧ មេសា ឆ្នាំ២០២៤ នៅ​តាម​ប្រឡាយ ស្ទឹង​ណាំខាន់ និងទន្លេមេគង្គ។ (Facebook/Mekong River Commission)

គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​ (MRC) អះ​អាង​ថា​ ទឹក​ទន្លេ​មេគង្គ​នៅ​តែ​រក្សា​គុណ​ភាព​ល្អ​ បន្ទាប់ពីរថយន្ត​ដឹក​អាស៊ីត​ស៊ុលផួរិច​ចំនួន​៣០​តោន​ បាន​ក្រឡាប់​បង្ក​ឱ្យ​កំពប់​សារធាតុ​គីមី​ចូល​ប្រឡាយ​ក្បែរ​ស្ទឹង​ណាមខាន់​ ដែល​ជា​ស្ទឹង​ហូរ​ចូល​ទន្លេ​មេគង្គ​ ស្ថិតក្នុង​ទីក្រុង​ហ្លួង​ប្រាបាង​ ប្រទេស​ឡាវ។

អ្នកជំនាញ​ផ្នែក​ទន្លេ​មេគង្គ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​ទាំងអ​ស់​ បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​មាន​ចំណាត់ការ​បន្ទាន់​ដោយ​ស្មើភាព​គ្នាជុំវិញ​ការ​ហូរ​ចូល​នៃ​សាធាតុ​គីមី​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មានរបស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ចេញ​នៅ​ថ្ងៃ​ទី​ ៨​ ខែ​មេសា​ ឆ្នាំ​២០២៤ បង្ហាញ​ថា ​កាល​ពី​ថ្ងៃទី៣ ​ខែមេសា​ ឆ្នាំ២០២៤ ​រថយន្ត​ដឹក​អាស៊ីត​ស៊ុលផួរិច​ចំនួន​៣០​តោន​ បាន​ក្រឡាប់​បង្ក​ឱ្យ​ហូរ​សារធាតុគីមីប្រមាណ​ជា​៥០​%​ចូល​ប្រឡាយ​ ដែល​ស្ថិត​នៅ​ប្រមាណ​ជា​៣០០​ម៉ែត្រ​ពី​ស្ទឹង​ណាម​ខាន់​ ។

បើតាម​គណៈកម្មការ​ទន្លេមេគង្គ អាជ្ញាធរ​មូល​ដ្ឋាន​ឡាវ​បាន​ដំឡើង​របាំង​ការ​ពារ​កុំ​ឱ្យ​មាន​ទឹក​អាស៊ីត​នេះហូរ​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​ ព្រោះ​កន្លែង​កើត​ហេតុមាន​ចម្ងាយ​ឆ្ងាយ​ពីចំណុច​ប្រសព្វ​នៃ​ទន្លេ​នេះ ដែល​វាអាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ប៉ុណ្ណោះ។​

សេចក្តីប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ការ​វាស់​វែង​នៅកន្លែង​កើត​ហេតុ​បង្ហាញ​ថា ខណៈពេល​ដែល​មាន​ផល​ប៉ះ​ពាល់​ដំបូង​ដែល​ត្រូវ​បាន​សង្កេត​នៅ​កន្លែង​កើត​ហេតុរួម​មាន​ការ​ថយ​ចុះ​កម្រិត​អុក​ស៊ី​សែន​ និង​កំហាប់​ស៊ុល​ហ្វាត​កើន​ឡើង​ គុណ​ភាព​ទឹក​នៅ នៅ​ក្នុង​ទន្លេ​ណាម​ខាន់ និង​ទន្លេ​មេគង្គ​នៅ​តែ​មិន​មាន​ផល​ប៉ះ​ពាល់»។

ក្រសួង​បរិស្ថាន​កម្ពុជា​កាលពី​ថ្ងៃទី​៩ ខែមេសា ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយ​ដោយ​បញ្ជាក់​ថា ស្ទឹង​ណាមខាន់ ជា​ស្ទឹង​ដែល​ហូរ​ចូល​ទន្លេមេគង្គ​ត្រង់​ចំណុច​ទីក្រុង​ហ្លួងប្រាបាង​ ហើយ​មាន​ចម្ងាយ​ប្រមាណ​ជា​១,៣៧០​គីឡូម៉ែត្រ​ពីព្រំប្រទល់​កម្ពុជា-ឡាវ។

ក្រសួង​បរិស្ថានបន្ថែម​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ក្រសួង​បរិស្ថាន​បាន​ធ្វើការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​អាទិភាព​ខ្ពស់ ដោយ​បាន​ចាត់​ក្រុម​ការងារ​ជំនាញ​ចុះ ទៅ​ធ្វើការ​ត្រួតពិនិត្យ​ស្ថានភាព​គុណភាព​ទឹក​ទន្លេ​មេគង្គ​នៅ​តាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​ឡាវ និង​យក​សំណាក​ទឹក​មក​ធ្វើ​កាវិភាគ​តាមដាន​ជា​ប្រចាំ និង​បាន​ចាត់​មន្ត្រី​នៅ​ប្រចាំ​ការ​តាមដាន​ស្ថានភាព​គុណភាព​ទឹក​នៅ​ក្នុង​ទន្លេ​មេគង្គ ពិសេស​នៅ​តំបន់​រ៉ាមសារ​ក្នុង​ខេត្ត​ស្ទឹងត្រែង»។

វីអូអេ​បាន​ទាក់ទង​សុំ​ការអត្ថា​ធិប្បាយ​ពី​លោក មាស សុភក្ត លេខាធិការ​នៃ​គណៈ​កម្មា​ធិកា​ទន្លេ​មេគង្គ ដែល​ធ្វើការ​នៅ​ប្រទេស​ឡាវ ប៉ុន្តែ​លោក​ប្រាប់​ឱ្យ​សួរ​ទៅ​មន្រ្តី​ទំនាក់​ទំនង​សារ​ព័ត៌មាន​ម្នាក់​ទៀត។

ក្រុម​បេសកកម្ម​រួមគ្នា​របស់​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​និង​ដៃគូ​ ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ទឹក​នៅ​ថ្ងៃទី៧ មេសា ឆ្នាំ២០២៤ នៅ​តាម​ប្រឡាយ ស្ទឹង​ណាំខាន់ និងទន្លេមេគង្គ។ (Facebook/Mekong River Commission)
ក្រុម​បេសកកម្ម​រួមគ្នា​របស់​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​និង​ដៃគូ​ ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ទឹក​នៅ​ថ្ងៃទី៧ មេសា ឆ្នាំ២០២៤ នៅ​តាម​ប្រឡាយ ស្ទឹង​ណាំខាន់ និងទន្លេមេគង្គ។ (Facebook/Mekong River Commission)

មន្រ្តី​ទំនាក់​ទំនង​សារ​ព័ត៌​មាន​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូ​និច​តេ​ឡេ​ក្រាមដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ អាស៊ីត​ស៊ុល​ផួរិច​អាច​ធ្វើ​ឱ្យ​ត្រី​ និង​ជីវៈ​ចម្រុះ​ពុល​ ឬ​ស្លាប់​ និង​អាច​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​អ្នក​ដែល​ប្រើ​ប្រាស់​ទឹក​។​ ប៉ុន្តែ​របាយ​ការណ៍​នៃ​ក្រុម​ការងារ​ជាតិ​ថា​ អាស៊ីត​ទាំង​នោះ​ត្រូវ​បាន​ទប់​ស្កាត់​ទាន់​ពេល​វេលា​ និង​មិន​មាន​ការ​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ​នោះ​ទេ។

​មន្រ្តី​ទំនាក់​ទំនង​រូប​នេះ​បន្ថែម​ថា៖ «បច្ចុប្បន្ន​ក្រុម​ការងារ MRC និង អង្គភាព​ពាក់​ព័ន្ធ​នៅ​តែ​បន្ត​ធ្វើ​ការ​ពិនិត្យ​គុណ​ភាព​ទឹក ដើម្បី​ធ្វើ​ឱ្យប្រាកដ​ថា​វា​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ជីវចម្រុះ​ក៏​ដូច​ជា​សុខ​ភាព​ប្រជា​ពល​រដ្ឋ»។​

បើតាម​គណៈ​កម្មការ​ទន្លេមេគង្គ កន្លែង​កើត​ហេតុ​មាន​ចម្ងាយ៣០០​គីឡូម៉ែត្រ​ពី​ស្ទឹង​ណាម​ខាន់​ និង​ ៦​គីឡូម៉ែត្រ​ពី​ទន្លេ​មេគង្គ​ ហើយចំណុច​ប្រសព្វ​នៃ​ទន្លេ​មេគង្គ​មាន​ចម្ងាយ​ប្រហែល​៤៤០​គីឡូម៉ែត្រ​ពី​ប្រទេស​ថៃ​ និង​៩៣៥គីឡូ​ម៉ែត្រ​ពីប្រទេស​កម្ពុជា​។

លោក ប្រាយ​អេន​ អាយ​ឡឺ​ អ្នក​ជំនាញ​លើ​បញ្ហា​ដែនទឹកក្នុង​តំបន់​ទន្លេ​មេគង្គ​ និង​ជា​នាយកកម្ម​វិធី​ ថាមពល​ ទឹក​ និង​និរន្តរភាព​ប្រចាំ​អាស៊ី​អាគ្នេយ៍​ របស់​មជ្ឈមណ្ឌល STIMSON ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិច ឬ​អ៊ីមែល​ថា​ ការ​ហូរ​ចូល​នៃ​សារធាតុ​គីមី​នេះ​ជា​មូល​ហេតុ​នៃ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ទន្លេ​មេគង្គ​ និង​ប្រជា​ជន​ដែល​រស់​នៅ​ទី​នោះ។

លោក​សរសេរ​ជា​ភាសារ​អង់​គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​ថា​៖ «​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​បាន​រាយការណ៍កាល​ពី​ថ្ងៃ​ចន្ទថា​ ការ​លេច​ចេញ​នូវ​សារធាតុ​គីមី​នេះ​ត្រូវ​បាន​ទប់​ស្កាត់​ និង​សម្អាត​ដោយ​ប្រសិទ្ធ​ភាព​ដោយ​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ទន្លេ​មេគង្គ​ឡើយ​។​ នេះ​ផ្ទុយស្រឡះ​បន្តិច​ពី​ការ​រាយ​ការណ៍​មុន​នេះ​ដែល​ថា​ មាន​ត្រី​ត្រូវ​បាន​ងាប់​នៅ​ទន្លេ​ណាម​ខាន់​ ក្បែរ​ទីតាំង​កើត​ហេតុ។ ដូច្នេះ​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​»។

លោក ប្រាយ​អេន ​ថា​ រដ្ឋា​ភិ​បាល​នៃ​ទន្លេ​មេគង្គ​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ហូរ​សារ​ធាតុ​គីមី​នេះ​ចូល​ក្នុង​ទឹក​ ហើយ​លោក​សង្ឃឹ​ម​ថា​រដ្ឋា​ភិ​បាល​នៃ​ទន្លេ​មេគង្គ​ទាំងអ​ស់​ចូល​រួម​ចំណាត់​ការ​បន្ទាន់​លើ​រឿង​នេះប្រកប​ដោយ​ស្មារតី​ស្មើ​ភាព​គ្នា​។

ការិយា​ល័យ​ធន​ធាន​ទឹក​របស់​ថៃ​ (ONWR) បាន​ជំរុញឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​នៅ​ក្នុង​ទន្លេ​មេគង្គ​ ក្រោយ​មាន​ការ​ក្រឡាប់​ឡាន​ដឹក​អាស៊ីត​ស៊ុល​ផួរិច​ចូល​ក្នុង​ទន្លេ​ណាម​ ខាន់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ថៃ​ The Nation កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០២៤​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG