ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

«នៅ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ សូម​គិត​អំពី​អ្នក​ដែល​កំពុង​តស៊ូ​ការពារ​សិទិ្ធ​របស់​ខ្លួន» ដោយ ម៉ម កល្យាណនី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

«នៅ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ សូម​គិត​អំពី​អ្នក​ដែល​កំពុង​តស៊ូ​ការពារ​សិទិ្ធ​របស់​ខ្លួន» ដោយ ម៉ម កល្យាណនី

កំណត់​និពន្ធ៖ ផលិតករ​ភាពយន្ត​ដែល​ទទួល​រង្វាន់ គឺ​កញ្ញា ម៉ម កល្យាណនី បាន​ផ្ញើ​សំណេរ​មួយ​មក​កាន់​វីអូអេ ដើម្បី​ជា​សារ​នៅ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ សំណេរ​នេះ ត្រូវ​អម​ដោយ​វីដេអូ​ខ្លី​មួយ​ដែល​នាង​បាន​ផលិត ដើម្បី​ពិនិត្យ​មើល​អំពី​ជីវិត​របស់​ស្រ្តី​នៅ​តំបន់​ជ្រលង​ជាយ​អារ៉ែង ដែល​បាន​ប្រឆាំង​ជំទាស់​នឹង​ការសាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​ដែល​ពួកគេ​រស់នៅ។ ពួកគេ​និយាយ​ថា វា​ផ្តល់​គ្រោះថ្នាក់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ។ កញ្ញា​ ម៉ម កល្យាណនី បាន​សរសេរ​ថា៖

ថ្ងៃ​នេះ ​គឺជា​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី៦៦​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ព្រះសង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ទូទាំង​ប្រទេស​កម្ពុជា​ កំពុង​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​ពី​ខេត្ត​របស់​គេ​រៀងៗ​ខ្លួន ទៅជួប​ជុំគ្នានៅ​មុខ​រដ្ឋ​សភា​ជាតិ ដើម្បីប្រគល់​ញ្ញត្តិ​ស្តី​អំពី​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ជា​ជន​ជាតិ​ភាគ​តិច​ជូន​ឲ្យ​សមាជិក​រដ្ឋ​សភា។ ដើម្បី​រំឭក​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ និងយុទ្ធនាការ​បាតុកម្ម​រួម​គ្នា​មួយ​នេះ នាង​ខ្ញុំ​សូម​គោរពចំពោះ​យុទ្ធ​នារី​ជន​ជាតិ​ភាគ​តិច​នៅ​តំបន់​ជ្រលង​ជាយ​អារ៉ែង ដែល​បានប្រឆាំង​តវ៉ា ដើម្បី​ការពារដី​ធ្លី​របស់​ពួក​គេ​ ពី​គម្រោង​សាងសង់​ទំនប់វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​មួយ។ ប្រសិន​បើទំនប់​វារី​អគ្គិសនី​ត្រូវ​បាន​សាងសង់​មែន​នោះ ទំនប់​នេះ​នឹង​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់​ភូមិនៅ​ជ្រលងជាយអារ៉ែង​ទាំង​មូល ហើយ​បំផ្លិច​បំផ្លាញ​ជីវភាព​រស់​នៅ វប្បធម៌ និង​កេរ្តិ៍មរតក​ធម្មជាតិ​របស់​ជនជាតិ​ភាគ​តិច ចុង ដែល​បាន​រស់​នៅ​ជ្រលង​ អារ៉ែង នេះ​អស់​រយៈពេល​យ៉ាង​តិច ៦០០ឆ្នាំ​មក​ហើយ។ ទំនប់​វារី​អគ្គិសនី​ក៏​អាច​បំផ្លិច​បំផ្លាញ​តំបន់​ជីវ​ដ៏​ចម្រុះ ដែល​មាន​ភោគ​ផលល្អ​បំផុត​មួយ​នៅ​កម្ពុជា។

ស្ត្រី​ទាំង​អស់​នេះ ក៏ដូច​ជា​យុទ្ធនារី​ជា​ច្រើន​ផ្សេង​ទៀត​នៅ​កម្ពុជា កំពុង​តែ​ដើរឈាន​មុខ​ក្នុង​យុទ្ធនាការ​បាតុកម្ម។ ស្ត្រី​ទាំង​នេះ រួម​មាន​ស្ត្រី​កម្មករ​រោងចក្រ ដែល​ធ្វើ​បាតុកម្ម​ដើម្បី​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាង​មុន ស្ត្រី​សកម្ម​ជនដី​ធ្លី​នៅ​តំបន់​បឹង​កក់ និង​បុរីកីឡា ដែល​ប្រឆាំង​នឹង​ការ​ជម្លៀស​ដោយ​បង្ខំ និង​ស្ត្រី​នៅ​តាម​ភូមិ​នានា​ទូទាំង​ប្រទេស​កម្ពុជា ដែលកំពុង​តស៊ូ​ការពារ​ដី​ធ្លី និង​ជីវភាព​រស់​នៅ​របស់​ពួក​គេ។ ស្ត្រី​ម្នាក់ៗ​កំពុង​តែ​បង្ហាញ​ពី​គោល​ជំហរ​ដូច​គ្នា​មួយ​ គឺ​ថា៖ យើង​ត្រូវ​តែ​ការពារ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ពួក​យើង។ យើង​ត្រូវតែ​ការពារ​គ្រួសារ​របស់​យើង និង​សហគមន៍​របស់​យើង។ យើង​ត្រូវ​តែ​ការពារទប់​ស្កាត់គ្រោះ​អាសន្ន​ផ្សេងៗ ដើម្បី​អនាគត​របស់​កូន​ចៅ​យើង។

ថ្មីៗ​នេះ ខ្ញុំ​បាន​និយាយ​ជាមួយ​នឹង​បង​ស្រី រ៉ីម សាវស៊ី ដែល​ជា​សកម្មជន​ស្ត្រី​ម្នាក់​នៅ​តំបន់​ជ្រលង អារ៉ែង ខណៈ​ពេល​ដែល​បង​ស្រី​កំពុង​តែ​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​អំពី​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កោះ​កុង។ គាត់ និយាយ​ថា អ្នក​ភូមិ​ខ្លះ​មិន​ពេញ​ចិត្ត​លើ​ភាព​សកម្ម​និយម​ និង​ការ​ចេញ​មុខ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​របស់​គាត់ ។ អ្នក​ភូមិ​ទាំង​នោះ ខ្លាច​ថា គាត់​នឹង​នាំ​យក​បញ្ហា​មក​ឲ្យ​គ្រួ​សារ​របស់​ពួក​គេ និង​ភូមិ​ស្រុក​របស់​ពួក​គេ​ទាំង​អស់​គ្នា។ ប៉ុន្តែ គាត់​និយាយ​ថា គាត់​មិន​អាច​បញ្ឈប់​ការប្រឆាំង​តវ៉ានេះ​បាន​ទេ។ នេះ ​គឺជា​ទឹក​ដី​របស់​គាត់ ភូមិ​របស់​គាត់ សហគមន៍​របស់​គាត់ និង​ប្រទេស​របស់​គាត់ ដូច្នេះ គាត់​ត្រូវតែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​ការ​ពារ​ទឹក​ដី​របស់​គាត់។

ចុង​ក្រោយ​នៃ​ខ្សែ​វីឌីអូ​ខ្លី​នេះ ស្រ្តី​វ័យ​ចំណាស់​ម្នាក់ ប្រឆាំង​យ៉ាង​ដាច់​ខាតមិន​ទទួល​យក​សំណង​ ដែល​អាច​នឹង​ប្រគល់​ឲ្យ​គាត់​ និង​អ្នក​ភូមិ​របស់​គាត់ ប្រសិន​បើ​អ្នក​ភូមិ​យល់​ព្រម​លះ​បង់​ដី​ធ្លី​របស់​ខ្លួន។ គាត់​និយាយ​ថា «លុយ​ប៉ុណ្ណឹង ខ្ញុំ​ចាយ​បាន​តែមួយ​ជីវិត​ខ្ញុំ​ទេ។ ខ្ញុំ​មិន​អាច​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ចង់​រក្សា​ទឹក​ដីភូមិ​របស់​ខ្ញុំ និង​ដី​របស់​ខ្ញុំ​ ដើម្បី​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ខ្ញុំ»។

សំណួរ​គឺថា «តើ​យើង​ត្រូវ​បន្សល់​ទុក​អ្វីខ្លះ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង?» ខ្ញុំ​សង្ឃឹម​ថា យើង​នឹងមិន​បន្សល់​ទុក​លុយ ឬ​សម្ភារៈឲ្យ​កូន​ចៅ​យើង​ទេ តែ​យើង​គួរ​តែបន្សល់​ទុក​នូវ​សម្បត្តិ​ខាង​ស្មារតី ដែល​កើត​ចេញ​ពីក្តី​ស្រឡាញ់​ធម្មជាតិ និង​សម្បត្តិ​ដី​ធ្លី ហើយ​សម្បត្តិ​ខាង​ស្មារតី​ទាំង​អស់​នេះ​ហើយ ដែល​ស្ត្រី​នៅ​តំបន់​ជ្រលង​ អារ៉ែង មាន​ដ៏​សម្បូរ ហើយ​ដែល​ពួក​គេ​កំពុង​តែ​តស៊ូ​ការពារ៕

---------

កញ្ញា ម៉ម កល្យាណនី គឺ​ជា​ផលិតករ​ភាពយន្ត​ខ្មែរ​អាមេរិកាំង។ ខ្សែ​ភាពយន្ត​រូបភាព​ឯកសារ​លើក​ដំបូង​បង្អស់​របស់​នាង​គឺ «ក្បង់ទឹកទន្លេ» ឬ A River Changes Course ដែល ​និយាយ​អំពី​ការ​តស៊ូ​របស់​គ្រួសារ​ខ្មែរ​៣គ្រួសារ ក្នុង​អំឡុង​នៃ​ការ​ផ្លាស់ប្តូរ​ដ៏​ឆាប់​រហ័ស​របស់​ពិភព​លោក បាន​ឈ្នះ​ពាន់​រង្វាន់ Grand Jury Prize សម្រាប់​ខ្សែ​ភាពយន្ត​ឯកសារ​ពិភពលោក​នៅ​ឯ​មហោស្រព​ភាពយន្ត​ទី​ក្រុង​សាន់ដាន (Sundance Film Festival) នៅ​ឆ្នាំ​២០១៣។

XS
SM
MD
LG