ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែរអំពីអាកាសធាតុក្តៅខ្លាំង


រូបឯកសារ៖ ស្ត្រីម្នាក់ធ្វើដំណើរតាមស៊ីក្លូនៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ ស្ត្រីម្នាក់ធ្វើដំណើរតាមស៊ីក្លូនៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​កម្តៅ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព និង​រំខាន​ដល់​ការ​ប្រកប​មុខរបរ​របស់​ពួកគេ។

លោក រឿន ស្រីម អាយុ​ ៦៤ ​ឆ្នាំ ជា​អ្នក​រត់​រម៉ក​កង់​បី​នៅ​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​ថា​ នៅ​ពេលអាកាសធាតុ​ក្តៅ​បែប​នេះ សម្រាប់​លោក​ដែល​ជា​អ្នក​ដឹក​អ្នក​ដំណើរ និង​អង្គុយ​ចាំ​ភ្ញៀវ​នៅ​តាម​ដង​ផ្លូវ មាន​ភាព​លំបាក​ក្នុង​ការ​ស៊ូទ្រាំ​នឹង​កម្តៅ​ថ្ងៃ។ លោក​បន្ថែម​ថា ​ពេល​ខ្លះ អ្នក​ធ្វើ​ដំណើរ​មិន​ហ៊ាន​ចេញ​មក​ក្រៅ ដោយ​សារ​មេឃ​ក្តៅ​ខ្លាំង ដូច្នេះ​វា​ប៉ះពាល់​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​លោក​ផង​ដែរ។

លោក រឿន ស្រីម បន្ថែម​ថា ​ការ​បាត់បង់​គម្រប​ព្រៃ​ឈើ​ធ្វើ​ឱ្យអាកាសធាតុ​កាន់​តែ​ក្តៅ។

លោក​ថ្លែង​ថា៖ «មូល​ហេតុ​ហ្នឹង មក​ពី​យើង​អស់​ជម្រក​ព្រៃឈើ ​ជម្រក​អ្វី​សព្វ​បែប​យ៉ាង ​ព្រៃឈើ​ក៏​យើង​អស់​រលីង​តែ​ម្តង។ និយាយ​ឱ្យ​ចំ យើង​គ្មាន​កន្លែង​ណា​មួយ​ដែល​មាន​ធាតុ​ត្រជាក់​ឱ្យ​ស្រូប។ ធាតុ​ត្រជាក់​ហ្នឹង​បើ​អាច​បាន អាច​ភ្លៀង​ឬ​ក៏​អាច​ស្រទុំ ត្រជាក់​ពី​លើ​ក៏​អត់​មាន​ដែរ»។

ចំណែក​អ្នកស្រី ពេជ្រ សា​រឿន​ អាយុ ​៤៧ ​ឆ្នាំ អ្នក​លក់​ដូងនៅ​រាជធានី​ភ្នំពេញ ថ្លែង​ថា ​អាកាសធាតុបច្ចុប្បន្ន​នេះ ថ្ងៃ​ខ្លះ​ក្តៅ​ខ្លាំង ហើយ​ពេល​ខ្លះ​ទៀត ក៏​មាន​ខ្យល់។ ដោយ​សារ​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ អ្នកស្រី​មាន​អាការៈ​ឈឺ​ក្បាល និង​ងងឹត​មុខ។

អ្នកស្រី​ក៏​យល់​ឃើញ​ថា ​ការ​បាត់បង់​ព្រៃឈើ​បណ្តាល​ឱ្យអាកាស​ធាតុ​កាន់​តែ​ក្តៅ​ខ្លាំង។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «វា​ក្តៅ​ខ្លាំង​មក​ពី​ស្អី មក​ពី​ឥឡូវ​ស្រុក​ខ្មែរ​យើង​វា​អស់​ហើយ​អា​រឿង​ព្រៃឈើ​ហ្នឹង​ គេ​កាប់​អស់ ធ្វើ​ចម្ការ​ធ្វើ​អី​អស់​អញ្ចឹង​ទៅ​វាមាន​អី​ត្រជាក់​បើ​វា​អស់​ស្លឹក​ឈើ​ហើយ​មាន​អី​ត្រជាក់​ទៀត។ បើ​យើង​ក្តៅ​អញ្ចឹង បើ​យើង​នៅ​ក្រោម​ដើមឈើ​វា​ត្រជាក់​ពី​អា​មែក​ឈើ​ស្រស់ៗ​ ប៉ុន្តែ​បើ​យើង​នៅ​អញ្ចឹង​[កន្លែង​លក់]​វា​ក្តៅ»។

អ្នកស្រី​បន្ថែម​ថា៖ «បើ​ស្រុក​ខ្មែរ​យើង​ដាំ​ដើម​ឈើ​ឡើង​វិញ​អា​ហ្នឹង​បាន​វា​អត់​សូវ​ក្តៅ បើ​បំផ្លាញ​ព្រៃ​ឈើ​អស់​អាហ្នឹង​ដឹង​តែ​ក្តៅ​ហើយ​ ហើយ​ដល់​ពេល​ខែ​ធ្លាក់​ភ្លៀង គឺ​ខ្យល់​ខ្លាំង​តែ​ម្តង»។

ចំណែក​កញ្ញា ឃុន សុវ៉ាន់ដារី អាយុ​ ២២ ​ឆ្នាំ និស្សិត​ឆ្នាំ​ទី២​នៅ​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ​បើ​និយាយ​ពី​អាកាសធាតុ​សព្វ​ថ្ងៃ​នេះ ចាប់​តាំង​ពី​ចូល​ខែ​មីនា​មក វា​ចាប់​ផ្តើម​ក្តៅ​ខ្លាំង ឡើង​រហូត​ដល់​ ៣៦ ​អង្សាសេ ហើយ​ជួន​កាល​ឡើង​រហូត​ដល់​៣៧​អង្សាសេ។

កញ្ញា​ប្រាប់​វីអូអេ​ថា៖ «ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ពេល​ទៅ​ធ្វើ​ការ ទៅ​រៀន​អញ្ចឹង​គឺ​វា​ក្តៅ​ខ្លាំង​ហ្មង ហើយ​ជិះ​តាម​ផ្លូវ​ជា​ពិសេស​ពេល​ឈប់​ស្តុប ដោយសារ​នៅ​តាម​ផ្លូវ​យើង​អត់​សូវ​មាន​ដើម​ឈើ​ធំៗ​ទេ​ អញ្ចឹង​ពេល​ដែល​យើង​ឈប់​ស្តុប​ហើយ​យើង​នៅ​ក្រោម​កម្តៅ​ក្តៅ​ខ្លាំង។ ពេល​ខ្លះ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​អត់​ស្រួល​ខ្លួន។ ហើយ​ការ​ឡើង​កម្តៅ​ក្តៅ​ហ្នឹង​ចំពោះ​អ្នក​ចាញ់​ក្តៅ​ដូច​យើង វា​អត់​ស្រួល​នៅ​ក្នុង​ខ្លួន​ យើង​វា​ក្តៅ​ពេក​អញ្ចឹង​ពេល​ខ្លះ​វា​ក្តៅ​រហូត​ដល់​ធ្វើ​ឱ្យ​យើង​ឈឺ​ក្បាល​ ជួន​កាល​វា​ពិបាក​ដក​ដង្ហើម»។

និស្សិត​រូប​នោះ​បន្ថែម​ថា​ដំណោះស្រាយ​មាន​តែ​ដាំ​ដើម​ឈើ និង​ការ​កាត់​បន្ថយយាន​យន្ត​តាម​ដង​ផ្លូវ ជំនួស​ដោយ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​សាធារណៈ ទើប​អាច​កាត់​បន្ថយ​ការ​ឡើង​កម្តៅ​បាន។ កញ្ញា​បញ្ជាក់​ថា​ ការ​ប្រើ​ឧស្ម័ន ការ​ប្រើ​ហ្គាស​ច្រើន ក៏​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​អាកាស​ធាតុ​កាន់​តែ​ក្តៅ​ដែរ។

បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ទី ២ ខែ​មីនា​នេះ កម្ពុជា​នឹង​ប្រឈម​អាកាសធាតុ​ក្តៅ​ហើយ​ស្ងួត ចាប់​ពី​ខែ​មីនា​ដល់​ខែ​ឧសភា ឆ្នាំ​ ២០២៤ ដោយ​សារ​កម្ពុជា​ទទួល​រង​នូវ​បាតុភូត​អែល​នីញ៉ូ​ (El Niño)។ ក្រសួង​បន្ថែម​ថា ​សីតុណ្ហភាព​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​នេះ​នឹង​ឡើង​ក្តៅ​ជាង​ធម្មតា បរិមាណ​ទឹក​ភ្លៀង​ធ្លាក់​ទាប ហើយ​ភ្លៀង​កក់​ខែ​ក៏​តិច​តួច​ដោយ​តិច​ជាង​ឆ្នាំ​ ២០២៣។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ក្រើន​រំឭក​ទៅ​ប្រជា​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​នឹង​អាកាស​ធាតុ​ក្តៅ ហើយ​សើម និង​ចូលរួម​សន្សំ​សំចៃ​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​ជាដើម។

កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​ដោយ​សារ​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ។ អ្នក​វិទ្យាសាស្ត្រ​បាន​ចាត់​ទុក​សកម្ម​ភាព​បំផ្លាញ​បរិស្ថាន​របស់​មនុស្ស ការ​ប្រើប្រាស់​ធ្យូងថ្ម និង​ឧស្ម័ន​ចំហេះ​ប្រេង​កាត់ ការ​កាប់​ព្រៃឈើ និង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ថា​ ជា​កត្តា​បង្ក​ឱ្យមាន​បាតុភូត​ធម្មជាតិ​ធ្ងន់ធ្ងរ​កាន់​តែ​ច្រើន​ឡើង​នៅ​ជុំវិញ​ពិភពលោក។

លោក ខ្វៃ អាទិត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ក្រសួង​មាន​យន្តការ​នានា ដើម្បី​ជំរុញ​ការ​រៀប​ចំ​ទីក្រុង​ឆ្លាត​វៃ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា រៀបចំ​ទីក្រុង​បៃតង តាម​រយៈ​ការ​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ និង​យានយន្ត​សាធារណៈ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​បំពុល​ ការ​បង្ហុយ​ផ្សែង និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ដើម។

លោក​ថ្លែង​ថា៖ «ចំពោះ​ប្រជាពលរដ្ឋ យើង​ត្រៀម​លក្ខណៈ​ដើម្បី​ប្រឈម ព្រោះ​យើង​គិត​ថា​ ត្រូវ​មាន​បច្ចេកទេស​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ។ អញ្ចឹង​យើង​ក៏​បាន​រៀប​ចំ​បណ្តុះបណ្តាល​ ក៏​ដូចជា​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ទៅ​ដល់​មូលដ្ឋាន​ជា​ពិសេស​ស្រ្តី និង​យុវជន​ឱ្យ​មាន​ការ​យល់​ដឹង។ ទី១ អំពី​ការ​ប្រែប្រួល​អាកាសធាតុ ទី២ អំពី​បច្ចេកទេស​ក្នុង​ការ​ដាំ​ដុះ ការ​បន្សំ ហើយ​យើង​នឹង​ធ្វើ​ជា​បន្ត​បន្ទាប់​តាមរយៈ​ការ​ចុះ​ទៅ​មូលដ្ឋាន​ជាក់​ស្តែង​ ជួប​ជាមួយ​ប្រជាពលរដ្ឋ»។

អ្នកនាំពាក្យ​រូប​នោះ​បន្ថែម​ថា ​ក្រសួង​បរិស្ថាន​ជំរុញឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើម​ឈើ​ដែល​អាច​បង្កើន​គម្រប​ដើម​ឈើ ដើម្បី​អាច​ទប់ទល់​នឹង​ធាតុ​អាកាស​ក្តៅ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG